កប់ណាស់! ហ្គេម “Knive Out” ដូច PUBG តែរកលុយបានច្រើនជាង PUBG និង Fornite ទៀត

កប់ណាស់! ហ្គេម “Knive Out” ដូច PUBG តែរកលុយបានច្រើនជាង PUBG និង Fornite ទៀត

បរទេស៖​ ហ្គេម Knives Out ដែលស្រដៀងទៅនឹង PlayerUnknown’s Battlegrounds (PUBG) ត្រូវបានគេរាយការណ៍ថា ហ្គេមនេះអាចរកប្រាក់ចំណូលបានច្រើនជាង PUBG និងហ្គេម Fortnite: Battle Royal ទៀតផង។ បើយោងតាមរបាយការណ៍ពីក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Sensor Tower ហ្គេម Knives Out អាចរកប្រាក់ចំណូលបានប្រហែល ៤៦៥លានដុល្លារនៅទូទាំងពិភពលោក ខណៈដែល Fortnite រកប្រាក់ចំណេញបានត្រឹមតែ ៤៥៥លានដុល្លារប៉ុណ្ណោះពី Fortnites Moblie។

ហ្គេម Knives Out

Knives Out បាននាំមុខ  PUBG ដោយសារហ្គេមមួយនេះអាចឱ្យអ្នកលេង ចាយលុយតាមទូរស័ព្ទដៃបាននៅលើទីផ្សារអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដែលគេដឹងថាជាទីផ្សារសម្រាប់ហ្គេមអនឡាញធំជាងគេបំផុតលើពិភពលោក។ មូលហេតុនេះអាចបណ្តាលមកពី Knives Out ត្រូវបានចែកចាយដោយក្រុមហ៊ុន NetEase ដែលជាក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសចិន ខណៈដែល PUBG នៅមានបញ្ហាចម្រូងចម្រាស់មួយចំនួនជាមួយបទបញ្ជាក្នុងស្រុក។

ក្រុមហ៊ុន Sensor Tower ក៏បានប៉ាន់ប្រមាណផងដែរថា ប្រាក់ចំណេញរបស់ Knives Out ប្រមាណជា ៨០ភាគរយបានមកពីទីផ្សាររបស់ប្រទេសជប៉ុន ខណៈដែល PUBG និង Fortnite មិនទាន់ចូលជ្រៅទៅក្នុងទីផ្សាររបស់ប្រទេសជប៉ុននៅឡើយ។ ក្រុមអ្នកវិភាគទាំងនោះ ក៏បានបន្ថែមផងដែរថា ជាមធ្យមអ្នកលេង Knives Out នៅប្រទេសជប៉ុនបានចំណាយលុយប្រមាណជា ៣៧០ដុល្លារក្នុងម្នាក់តាមរយៈ App Store និង Google Play។

ក្រុមហ៊ុន PUBG និង NetEase

ទោះជាបែបនេះក្តី របាយការណ៍ខាងលើនេះមិនទាន់គិតដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន Fortnite លើ Android នោះទេ ព្រោះ  Sensor Tower ទទួលបានត្រឹមប្រាក់ចំណេញរបស់ហ្គេម Fortnite នៅលើប្រព័ន្ធ iOS ប៉ុណ្ណោះ។  យ៉ាងណាក្តីនេះជាការបង្ហាញថា ទីផ្សារហ្គេមប្រភេទ Battle Royale បានកើនឡើងជាបន្តបន្ទាប់ គ្រាដែលកាលពីមុនមានត្រឹម  PUBG និង Fortnite ដែលទាមទារឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងផងដែរ៕

ហ្គេម Knives Out