WhatsApp កំណត់ចំនួនផ្ញើសារបន្តថ្មីដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយ

WhatsApp កំណត់ចំនួនផ្ញើសារបន្តថ្មីដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយ

ការទទួលបានព័ត៌មានពិតគឺមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩ ហេតុដូច្នេះហើយបានជាកាលពីថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញ ការកំណត់ថ្មីនូវចំនួនផ្ញើសារបន្តរបស់កម្មវិធី WhatsApp ដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ។

ការកំណត់ចំនួនថ្មីនេះគឺ ប្រសិនបើអ្នកប្រើប្រាស់ទទួលសារដែលបានផ្ញើបន្ត ៥ដងហើយនោះ (មានសញ្ញាព្រួញ២) គេអាចផ្ញើបន្តទៅឆាតថ្មីបានតែមួយនាក់ឬក្រុមប៉ុណ្ណោះ ដែលពីមុនគេអាចផ្ញើបន្តទៅឆាតថ្មីបានចំនួន ៥នាក់ឬក្រុម ក្នុងពេលតែមួយ។ ការកំណត់នេះក៏ដោយសារតែការចែកចាយព័ត៌មានក្លែងក្លាយដែលអាចធ្វើឱ្យមានភាពចលាចលក្នុងសង្គម ជាពិសេសនៅពេលដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩។

ជាឧទាហរណ៍ មានព័ត៌មានក្លែងក្លាយដែលថា ជំងឺកូវីដ-១៩ បានកើតឡើងព្រោះតែការដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ 5G ហើយអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយនេះហើយ ដែលធ្វើឱ្យមានការវាយ និងដុតបំផ្លាញអង់តែនប្រព័ន្ធ 5G យ៉ាងហោចណាស់ ២០កន្លែង នៅក្នុងប្រទេសអង់គ្លេស៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា