
Toyota លក់ RAV4 បាន ១០លានគ្រឿងហើយ នៅជុំវិញពិភពលោក
រថយន្ត Toyota RAV4 ដែលជា SUV ពេញនិយមមួយ បានលក់ចេញលើសពី ១០ លានគ្រឿងហើយនៅទូទាំងពិភពលោក។ នេះបើតាមការបង្ហាញឲ្យដឹងពី Toyota។
RAV4 Prime PHEV
RAV4 បានផលិតលក់ជាង ៥ ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ ១៩៩៤ មក ហើយវាមានការវិវត្តកាន់តែអស្ចារ្យទៅៗ។ បច្ចុប្បន្ននេះវាអាចលក់ដាច់បានច្រើនជាងពេលមុនៗទៅទៀត។ នៅក្នុងឆ្នាំ ១៩៩៤ ដែលជាឆ្នាំលក់ដំបូង រថយន្តនេះអាចលក់ចេញបាន ៥៣ ០៨០ គ្រឿង ដែលតួលេខបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយដល់ឆ្នាំ ២០០៤ រយៈពេល ១០ឆ្នាំក្រោយមក ចំនួនលក់ក្នុងមួយឆ្នាំឡើងដល់ ២៣៩ ៧៩៤ គ្រឿង។
នៅក្នុងទសវត្សទី ២ និងទី ៣ នៃការលក់របស់វា ប្រជាប្រិយភាពរបស់ RAV4 បន្តកើនឡើង ដោយនៅឆ្នាំ ២០១៩ វាអាចលក់បាន ៩៦៥ ៧៦០ គ្រឿង ដែលជាចំនួនលក់ច្រើនបំផុតមួយក្នុងមួយឆ្នាំ។ ជាមួយចំនួនលក់នេះ មិនត្រឹមតែធ្វើឲ្យ RAV4 ក្លាយជា SUV លក់ដាច់ជាងគេក្នុងលោកនោះទេ ប៉ុន្តែក៏ជារថយន្តលក់ដាច់ជាងគេលំដាប់ទី ៤ បើមិនរាប់តាមប្រភេទនីមួយៗ។
RAV4 Prime PHEV
ក្នុងឆ្នាំ ២០២០ នេះ ចំនួនលក់អាចមិនល្អដូចជាការរំពឹងទុកដោយសារការផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែ Toyota បានបង្កើតប្រវត្តិសាស្ត្រសំខាន់មួយសម្រាប់ RAV4 ដោយបានបង្ហាញចេញ RAV4 Prime PHEV ជាប្រភេទរថយន្ត Hybrid អាចសាកថ្មបានដំបូងគេនៃត្រកូល RAV4។ រថយន្តនេះមានបំពាក់នូវម៉ាស៊ីន ២,៥ លីត្រ ៤ស៊ីឡាំង កម្លាំង ១៧៦ សេះ ហើយគួបផ្សំនឹងម៉ូទ័រអគ្គិសនីមួយទៀត អាចបង្កើតកម្លាំងបានសរុប ៣០២ សេះ៕
ប្រភព៖ carscoops