Lexus អាចនឹងផលិតឡាន NX ថ្មី៤ម៉ូដែលទៀត កម្លាំងខ្លាំងតែស៊ីសាំងតិចជាងមុន

Lexus អាចនឹងផលិតឡាន NX ថ្មី៤ម៉ូដែលទៀត កម្លាំងខ្លាំងតែស៊ីសាំងតិចជាងមុន

Lexus បានចេញលក់រថយន្ត Hybrid ជាច្រើនម៉ូដែលមកហើយ ដូចជា ES Hybrid, GS Hybrid, LC Hybrid, LS Hybrid និង NX Hybrid ជាដើម ប៉ុន្តែក្រុមហ៊ុនជប៉ុនមួយនេះមិនទាន់បញ្ចេញបរថយន្តប្រើម៉ាស៊ីន Plug-in Hybrid ឡើយ ដោយសារតែចង់ទុកធនធានរបស់ខ្លួន ដើម្បីផ្តោតលើបច្ចេកវិទ្យាអ៊ីដ្រូហ្សែន (Fuel-cell) និងអគ្គិសនីសុទ្ធ (EV)។

កាលពីឆ្នាំមុន Lexus បានបញ្ចេញរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនជាផ្លូវការ គឺម៉ូដែល UX300e ហើយឥឡូវនេះការចុះប៉ាតង់ថ្មីមួយ បង្ហើបឲ្យឃើញថា ក្រុមហ៊ុនខាងលើកំពុងត្រៀមខ្លួនបញ្ចេញរថយន្ត Plug-in Hybrid ថ្មីផងដែរ។

គួរឲ្យដឹងថា Lexus ទើបតែបានចុះប៉ាតង់ឈ្មោះ “NX450h+” និង “NX350h” នៅការិយាល័យប៉ាតង់អឺរ៉ុប កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលបង្ហាញឲ្យឃើញថា Lexus NX នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ដែលមានកម្លាំងខ្លាំង និងសន្សំសំចៃជាងមុន។

ជាមួយគ្នានេះ នៅសហរដ្ឋអាមេរិកឯណោះវិញ Lexus ក៏បានចុះប៉ាតង់ថ្មីសម្រាប់ឈ្មោះ “NX250” និង “NX350” ផងដែរ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ឡើយថា ម៉ូដែលថ្មីទាំង២នេះ នឹងប្រើម៉ាស៊ីនថ្មីដែរឬយ៉ាងណានោះទេ៕

ប្រភព៖ Carbuzz