
Huawei ថាកម្មវិធីមួយចំនួនសម្រាប់ជំនួស Google នឹងរួចរាល់នៅចុងឆ្នាំនេះ
Huawei កំពុងខិតខំប្រឹងប្រែងខ្លាំងក្នុងការបិទភ្ជាប់គម្លាត ដែលកើតមានដោយសារកង្វះខាតនូវ Google Mobile Services (GMS) លើស្មាតហ្វូនរបស់ខ្លួន។ ថ្មីៗនេះក្រុមហ៊ុនបានប្រារព្ធកម្មវិធី Huawei Developer Day នៅឥណ្ឌា ដែលប្រធាន Huawei ប្រចាំប្រទេសនេះ បានចែករំលែកដំណឹងខ្លះៗអំពីផែនការរបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហា GMS នេះ។
លោក Charles Peng ប្រធាន Huawei ប្រចាំប្រទេសឥណ្ឌា និយាយថា Huawei កំពុងធ្វើការជាមួយ Developer ឥណ្ឌា ក្នុងការបង្កើតកម្មវិធី និងសេវាកម្មដែលអាចជំនួសឲ្យ GMS បាន។ លោកបានលើកឡើងដូចនេះ ៖ "យើងមាន Huawei Mobile Services ផ្ទាល់ខ្លួន ហើយកំពុងព្យាយាមសង់នូវប្រព័ន្ធអេកូទូរសព្ទ។ កម្មវិធីសំខាន់ៗភាគច្រើនដូចជាកម្មវិធីនាំផ្លូវ, ទូទាត់សាច់ប្រាក់, ហ្គេម និងកម្មវិធីផ្ញើសារនឹងរួចរាល់ត្រឹមដំណាច់ខែធ្នូនេះ។”
គួរដឹងថា Huawei មិនអាចប្រើប្រាស់ GMS លើស្មាតហ្វូនថ្មីរបស់ខ្លួនបាន ដោយសារតែរដ្ឋាភិបាលអាមេរិកបានអនុវត្តន៍ការហាមឃាត់មិនឲ្យក្រុមហ៊ុនអាមេរិករកស៊ីជាមួយ Huawei តាំងពីខែឧសភាមកម្ល៉េះ៕\
ប្រភព៖ www.news.sabay.com.kh