Cambridge កំពុង​បង្កើត App តេស្ត​មើល​រោគ​សញ្ញា​ភ្លាមៗ​លើ​អ្នក​ជំងឺ​កូវីដ១៩

Cambridge កំពុង​បង្កើត App តេស្ត​មើល​រោគ​សញ្ញា​ភ្លាមៗ​លើ​អ្នក​ជំងឺ​កូវីដ១៩

អ្នកវិទ្យាសាស្ត្រ​នៅ​ឯ​សកលវិទ្យាល័យ Cambridge របស់​ចក្រភព​អង់គ្លេស​កំពុង​សិក្សា​ស្រាវជ្រាវ​យ៉ាង​សកម្ម ដោយ​ប្រើប្រាស់​ប្រព័ន្ធ AI ជា​ជំនួយ​ក្នុង​ការ​បង្កើត​កម្មវិធី (Application) ដែល​អាច​តេស្ត​មើល​រោគ​សញ្ញា​ភ្លាមៗ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩។

បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ កំពុង​ប្រកាស​រក​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ធ្វើ​​ការ​បញ្ជូន​នូវ​ទិន្នន័យ​ជា​សំឡេង​នៃ​ការ​ដក​ដង្ហើម ក្អក និង​ការ​និយាយ ដើម្បី​ធ្វើ​តេស្ត​ពិសោធន៍​ផ្ទាល់​ជាមួយ​ការ​វិភាគ​សំឡេង​ទាំង​នោះ ក្នុង​ការ​កំណត់​រោគ​សញ្ញា​បាន​ឆាប់​រហ័ស​លើ​អ្នក​ដែល​បាន​ឆ្លង។

កម្មវិធី​នេះ​ឲ្យ​ឈ្មោះ​ថា Covid-19 Sounds ដែល​អ្នក​អាច​ចុច​ចូល​បាន​តាម​លីង www.covid-19-sounds.org ហើយ​ស្វាគមន៍​ទទួល​អ្នក​ចូលរួម​ទាំង​អ្នក​ដែល​មាន​សុខភាព​ប្រក្រតី​និង​មិន​ប្រក្រតី។ របាយការណ៍​ទិន្នន័យ​សំឡេង​ដែល​ទទួល​បាន​ទាំង​អស់ អ្នកវិទ្យាសាស្ត្រ​នឹង​យក​ទៅ​ស្រាវជ្រាវ ដើម្បី​សម្រេច​ឲ្យ​ចេញ​ជា App ដំណើរការ​ផ្លូវការ​មួយ​ក្នុង​ថ្ងៃ​ខាង​មុខ។

រំឭក​ថា​បច្ចុប្បន្ន​ក្រុម​ខាងលើ​ក៏​បាន​បង្កើត App មួយ​ស្រដៀង​គ្នា​នេះ មាន​ឈ្មោះ​ថា "COVID Symptom Tracker" បើក​ឲ្យ​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​នៅ​អង់គ្លេស​ធ្វើ​ការ​តាមដាន​ស្ថានភាព​សុខភាព​របស់​ពួក​គេ​ប្រចាំ​ថ្ងៃ ដោយ​ឲ្យ​អ្នក​ប្រើប្រាស់​បំពេញ​បែបបទ​ព័ត៌មាន​មួយ​ចំនួន និង​ការ​បញ្ជូន​សំឡេង​ធ្វើ​តេស្ត ទាំង​ប្រភេទ​សំឡេង​ក្អក និង​ដក​ដង្ហើម ដើម្បី​ឲ្យ​អ្នក​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ៕

ប្រភព៖ Zing