វីរនារីខ្លាចខ្មោច ប្រលោមលោកនៃក្តីស្រឡាញ់ និង សន្តិភាពពីអ្នកនិពន្ធ ស៊ុំ សុរិយ

វីរនារីខ្លាចខ្មោច ប្រលោមលោកនៃក្តីស្រឡាញ់ និង សន្តិភាពពីអ្នកនិពន្ធ ស៊ុំ សុរិយ

ជីវិតគឺជាការផ្លាស់ប្តូរមិនចេះចប់មិនចេះហើយ ជីវិតគឺជាការចាប់ផ្ដើមគ្រប់ពេលមិនថាក្នុងកាលៈទេសៈណាក៏ដោយ បើសិនជាធ្វើឡើងដើម្បីការវិវឌ្ឍន៍ថ្មីមួយក្នុងន័យវិជ្ជមាន ។ ពិតប្រាកដណាស់ ការផ្លាស់ប្តូរមួយនេះក៏កំពុងតែរក្សារូបរាងក្នុងដំណើរការថ្មីមួយរបស់អ្នកនិពន្ធដែលជាអតីតសិស្សនៃវិទ្យាល័យភ្ញីមាសនាទឹកដីខេត្តតាកែវ លោក ស៊ុំ សុរិយ ផងដែរ ។ ការផ្លាស់ប្តូរពីអ្នកនិពន្ធប្រលោមលោកស្វែងរកចំណេះដឹងតាមក្តីស្រមៃក្នុងវិស័យភាពយន្តខ្មែរអស់រយៈពេលជាង៥ឆ្នាំ អ្នកនិពន្ធដែលមានដើមដំណើតពីអ្នកអធិប្បាយកម្មវិធីវិទ្យុនៅវិទ្យុ១០៦.៧ បានទទួលនូវបទពិសោធជីវិតព្រមទាំងចំណេះដឹងគួរសមរហូតអាចនិពន្ធក៏ដូចជាសរសេរអត្ថបទរឿងភាគខ្មែរបានហើយស្ថិតក្នុងបែបផែនវិជ្ជាជីវប្រកបទៅដោយគុណភាព និង សិល្បៈទៀតផង ។ សុរិយ បានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយល្ខោនទូរទស្សន៍(រឿងភាគទូរទស្សន៍) មួយចំនួនដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នានា និង រឿងភាគដែលកំពុងត្រៀមខ្លួនបញ្ជាំងក្នុងពេលឆាប់ៗនេះទាំងរឿងដែលលោកនិពន្ធម្នាក់ឯង និង រឿងភាគដែលលោកធ្លាប់ធ្វើការសរសេរជាក្រុម ។ 
សរសេរអត្ថបទភាពយន្តភាគពិតជារឿងមិនធម្មតាសម្រាប់ការងារក្នុងវិស័យសិល្បៈដោយសារអ្នកនិពន្ធភាពយន្តមិនមែនគ្រាន់តែសរសេរឱ្យតែស្រួលស្ដាប់ ឬក៏តាមចិត្ត តាមអារម្មណ៍បាននោះទេ គឺវាទាមទារនូវការរក្សានូវបច្ចេកទេសក្នុងការសម្រួលដល់ការថត ការសម្ដែង និង ការធ្វើយ៉ាងណាឱ្យចេញជារូបភាពឡើងសមតាមលក្ខណៈមួយនៃភាពយន្តស្ដង់ដា ។ លោក ស៊ុំ សុរិយ ធ្លាប់បានហ្វឹកហាត់ជាច្រើនលើកច្រើនសារទម្រាំអាចដុសខាត់ជំនាញដែលធម្មជាតិបានប្រទានឱ្យមួយនេះ ។ ឆ្លងកាត់ការងារភាពយន្តដ៏លំបាកវេទនាពិតមែនប៉ុន្តែវាមិនមែនជាក្តីរុញរារបស់អ្នកនិពន្ធដែលពោរពេញដោយការប្រឹងប្រែងមួយរូបនេះទេ លោក សុរិយ នៅតែបន្តដំណើរសម្រាប់ការងារសិល្បៈភាពយន្តនេះនៅឡើយ ។ ដើម្បីផលិតអត្ថបទរឿងភាគក៏ដូចជាបង្កើតស្នាដៃភាពយន្តត្រូវចំណាយពេលវេលាយូរណាស់ ដូច្នេះទន្ទឹមនឹងការមិនព្រមបញ្ឈប់នេះ លោក សុរិយ ក៏តែងតែគិតពីការរង់ចាំរបស់អ្នកស្រឡាញ់ គាំទ្រ និង មិត្តភក្តិដែលធ្លាប់បានផ្តល់នូវកម្លាំងចិត្តដល់រូបលោកកន្លងមកមិនដែលភ្លេចដែរ ហេតុនេះទើបធ្វើឱ្យរូបលោកត្រូវចាប់ការងារពីរនៅក្នុងដៃក្នុងពេលតែមួយ ។ ការសរសេរប្រលោមលោកសម្រាប់លោក សុរិយ គឺជាជំនាញចាស់តែវាជាការងារថ្មីមួយដែលលោកត្រូវធ្វើដើម្បីបំពេញនូវក្តីស្រឡាញ់របស់ប្រិយមិត្តអ្នកអានរបស់លោកឡើងវិញ ហើយប្រលោមលោកដំបូងដែលនឹងវិលមកវិញជាមួយលោក សុរិយ នោះគឺរឿង វីរនារីខ្លាចខ្មោច ដែលប្រលោមលោកមួយនេះគឺជាប្រភេទប្រលោមលោកមនោសញ្ចេតនាបែបកំប្លែងនៃដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ។ វីនារីខ្លាចខ្មោច នឹងរៀបរាប់នូវទេសភាពដ៏ល្អឯករបស់ខេត្ត មណ្ឌលគិរី និង រតនៈគិរី ដោយរួមបញ្ជូលគ្នាទាំងក្តីស្រឡាញ់ ការកម្សាន្តមួយបែបរ៉ូមែនទិកប្រកបទៅដោយសន្តិភាពរវាងជាតិសាសន៍ខ្មែរតែមួយ ។ វីរនារីខ្លាចខ្មោច បង្កើតឡើងឈរលើគុណភាពមួយនៃប្រលោមលោកដែលហៅថា ក្រឹត្យក្រម សីលធម៌ និង សិល្បៈស្របទៅតាមសង្គមខ្មែរនាពេលបច្ចុប្បន្ន ។

 

ជាមួយនឹងការចាប់ផ្ដើមជាថ្មីនេះលោក សុរិយ បានសន្យាថាស្នាដៃនេះនឹងផ្តល់ជូននូវចំណីអារម្មណ៍ដែលមិនធ្លាប់មានក្នុងប្រលោមលោកដទៃព្រោះជាវាភាពខុសប្លែកមួយតាមលក្ខណៈបែបផែនរបស់លោកដោយផ្ទាល់តែម្ដង ។ 
ចង់ជ្រាបច្បាស់ថារសជាតិនោះយ៉ាងណាមានតែរង់ចាំប៉ុណ្ណោះ ។ សូមរង់ចាំជួបគ្នាជាមួយសៀវភៅប្រលោមលោកដ៏ទាក់ទាញទាំងក្របមុខ សាច់រឿង និង តម្លៃ របស់ លោក ស៊ុំ សុរិយ ក្នុងពេលឆាប់ៗនេះទាំងអស់គ្នា ។ ចំពោះព័ត៌មានលម្អិតសូមតាមដាននៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក សុរិយ គឺ Sum Soriyak Cambodia ។

ដោយ៖ សុវណ្ណថន