Skype បញ្ចេញមុខងារថ្មី Meet Now ប្រជែង Zoom

Skype បញ្ចេញមុខងារថ្មី Meet Now ប្រជែង Zoom

កម្មវិធី​ Skype របស់ Microsoft ​បាន​បង្ហាញ​ចេញ​មុខងារ​ថ្មី​ឈ្មោះ​ថា​ "Meet Now” ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​រួម​ក្នុង Video Call បាន​ដោយ​​​មិន​តម្រូវ​ឲ្យ​​​​ចុះ​ឈ្មោះ ឬ​ទាញ​យក​កម្មវិធី​ឡើយ។ មុខងារ​ថ្មី​នេះ​ទំនង​ជា​បាន​ខ្ចី​ពី​កម្មវិធី​ប្រជុំ​លើ​អនឡាញ​ដ៏​ល្បី​ឈ្មោះ Zoom ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​រួម​ការ​ប្រជុំ​ដោយ​មិន​បាច់​ចុះ​ឈ្មោះ ឬ​ទាញ​យក​កម្មវិធី។

មុខងារ​ថ្មី​របស់ Skype ដំណើរ​ការ​ដោយ​វា​បង្កើត​នូវ​តំណ​ភ្ជាប់​មួយ ដែល​អាច​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ជា​អ្នក​រៀប​ចំ​ការ​ប្រជុំ អ្នក​អាច​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចូល​រួម​បាន​ ដោយ​គ្រាន់​តែ​​ផ្ញើ​តំណ​ភ្ជាប់​ទៅ​កាន់​ពួក​គេ ទោះ​បី​ជា​ពួក​គេ​មិន​ប្រើ Skype ក៏​អាច​ចូល​រួម​បាន ដោយ​អាច​បើក​តាម Browser លើ​កុំព្យូទ័រ។

​​មុខងារ​ថ្មី​របស់ Skype បញ្ចេញ​ស្រប​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​តែ​ផ្ទុះ​ខ្លាំង និង​ស្រប​ពេល​ដែល​កម្មវិធី​ប្រជុំ​លើ​អនឡាញ Zoom កំពុង​តែ​មាន​បញ្ហា​ឈឺ​ក្បាល​ទាក់ទង​នឹង​សុវត្ថិភាព និង​ភាព​ជា​ឯកជន​ ​រហូត​ដល់​​ទីក្រុង​ New York សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​គ្រប់​ស្ថាប័ន​សិក្សា​ទាំង​អស់​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី Zoom ជា​មធ្យោបាយ​ក្នុង​ការ​បង្រៀន​ Online ឡើយ៕​​

ប្រភព៖ Androidauthority