ព្រឹត្តិការណ៍ ការប្រកួតតន្រ្តីដ៏អស្ចារ្យ Battle of the Bands Cambodia ឆ្នាំ២០១៩

ព្រឹត្តិការណ៍ ការប្រកួតតន្រ្តីដ៏អស្ចារ្យ Battle of the Bands Cambodia ឆ្នាំ២០១៩

ក្រុមហ៊ុន Cellcard បាននាំមកនូវការប្រកួតតន្រី្តជាក្រុមដ៏អស្ចារ្យ Battle of the bands Cambodia 2019 នៅ Hard Rock Café Phnom Penh អគារ Exchange Square ដែលរៀបចំដោយក្រុមហ៊ុន Kilat Events Co. Ltd ។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺ ដើម្បីស្វែងរក ក៏ដូចជាលើកទឹកចិត្ត ចំពោះក្រុមតន្រ្តីករ ឲ្យបញ្ចេញសមត្ថភាព ទេពកោសល្យ របស់ពួកគេ និងជំរុញវិស័យសិល្បអោយមានសក្តានុពលបន្ថែមទៀត។ 

ការប្រកាស ប្រកួតតន្រ្តីជាក្រុម«Battle of the Bands Cambodia» បានធ្វើឡើងកាលពី រសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីគណៈកម្មការសម្រាក់ធ្វើការដាក់ពិន្ទុ មានដូចជា លោក ហាន កាវី (Han Kavie) ដែលជាប្រធានរបស់ក្រុមហ៊ុន Seila Record លោក អ័ន ហ្រ្គេ(Euan Gray) ជាជនជាតិអូស្រ្តាលី និង លោក កង ពិសិដ្ឋ ជាអ្នកដឹកនាំក្រុមអ្នកលេងហ្គីតា។ 

ក្រុមតន្រ្ដីទាំងអស់អាចផ្ញើរសម្លេង ឬ វីដេអូ តាមរយៈអ៊ីមែល battleofthebandskh@gmail.com ដោយភ្ជាប់មកជាមួយនូវទម្រង់ចុះឈ្មោះ ដែលអាចរក បាននៅ លើទំព័រ Facebook ផ្លូវការ ដែលមានឈ្មោះ៖ @BattleoftheBandsKH។

លក្ខខណ្ឌសម្រាប់ចូលប្រកួត សមាជិកក្រុមទាំងអស់ត្រូវមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ហើយ៥០%នៃក្រុម ត្រូវតែជាជនជាតិខ្មែរ។ ក្រុមទាំងអស់មានរយៈពេលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ ដើម្បីផ្ញើវីឌីអូរបស់ពួកគេ ហើយការប្រកួតចាប់ផ្តើមនៅថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៩ នៅ Hard Rock Café រាជធានីភ្នំពេញ។ ក្រុមតន្រ្តីអាជីពទាំងអស់ នឹងត្រូវបានសំរិតសំរាំង ដើម្បីជ្រើសរើសយក ១៦ក្រុម ដែលមានសមត្ថភាព សម្រាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។ 

វគ្គប្រកួតផ្តាច់ព្រ័ត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ហើយតម្រូវឱ្យក្រុម ដែលបានឆ្លងកាត់មកដល់វគ្គនេះ ប្រគុំនៅលើវេទិកាកម្រិតអន្តរជាតិ។

សូមជម្រាបថា តន្រ្ដីករ ដែលទទួលបានជ័យលាភី នឹងមានឱកាសទទួលបានកិច្ចព្រមព្រៀង ថតវីដេអូជាមួយក្រុមហ៊ុន (Seila Records) ឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២៥០០ដុល្លារអាមេរិក ឈ្នះទូរសព្ទដៃ IPhoneXR ចំនួនមួយគ្រឿង ការផ្តល់ជូននូវកញ្ចប់អ៊ីនធឺណេតពីក្រុមហ៊ុន Cellcard សម្រាប់សមាជិកក្រុមម្នាក់ៗ ដោយឥតគិតថ្លៃរយៈពេល១ ឆ្នាំ និងឱកាសចុះកិច្ចសន្យាប្រគុំតន្រ្តីរយៈពេល៣ខែជាមួយ Hard Rock Café ដែលមានទីតាំងនៅទីរាជធានីភ្នំពេញ៕

ចង់ដឹងច្បាស់ពីព័ត៌មានលម្អិតរបស់ការប្រកួត ប្រិយមិត្តអាចរកមើលបានតាមរយៈ Facebook page ដែលមានឈ្មោះថា BattleoftheBandsKH៕