ស៊ុំ សុរិយ ៖ បេះដូងតម្កើងវប្បធម៌ជាតិជាដើមចម្បងក្នុងអាជីពជាអ្នកនិពន្ធ

ស៊ុំ សុរិយ ៖ បេះដូងតម្កើងវប្បធម៌ជាតិជាដើមចម្បងក្នុងអាជីពជាអ្នកនិពន្ធ

មហិច្ឆតាធំធេងចង់តម្កើងវិស័យសិល្បៈភាពយន្តខ្មែរ មានឈ្មោះល្បីរន្ទឺដូចអតីតកាល មានការ​ទទួលស្គាល់ ស្ងប់ស្ងែងគ្រប់ទីតំបន់ បានក្លាយជាក្តីស្រមៃចាក់គ្រឹះរឹងមាំក្នុងអារម្មណ៍របស់អ្នកនិពន្ធវ័យក្មេង មានដើមកំណើតពីខេត្តតាកែវ លោក ស៊ុំ សុរិយ ជានិច្ច។ ជំនក់ចិត្តពិសេសក្នុងកិច្ចការតែងនិពន្ធអត្ថបទរឿង និងបទពិសោធជីវិតជាកូនកសិករ ប្រើវិធីជីវិតបែបសាមញ្ញ រស់កៀកកិតនឹងធម្មជាតិ រាប់ញាតិនឹងមេឃជាដើមទុកធ្វើស្រែបំពេញស្បៀងក្នុងគ្រួសារជាដើមនោះ បានញ៉ាំងបុរសវ័យក្មេងរូបនេះស្រឡាញ់ឱ្យទឹកដីកំណើត​ វប្បធម៌ ប្រពៃណីជាតិខ្លួនកាន់តែខ្លាំង រហូតពុះពារបញ្ហាសរសេរអត្ថបទភាពយន្តដែលរំលេចនូវលក្ខណៈពិសេសរបស់ជនជាតិខ្មែរតែឯងចេញជារូបរាងឡើង។

សរសេរអត្ថបទរឿងតែឯងគ្រាន់បំពេញចំណូលចិត្ត ជាចំណុចខ្វះចន្លោះក្នុងជីវិត ដោយមិនរំពឹងមានអ្នកទទួលស្គាល់ រហូតក្លាយជាជំនាញទទួលបានការងារជាអ្នកនិពន្ធអត្ថបទរឿង ហើយប្រាកដជារូបរាងតាមរយៈរឿងភាគចាក់បញ្ជាំងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយចំនួនទៀត ប្រាកដណាស់ សកម្មភាពទាំងនេះគឺជាដំណើររឿងដ៏វែងឆ្ងាយឆ្លងកាត់បញ្ហារាប់ពុំអស់។ មានត្រឹមការចូលចិត្តមិនគ្រប់គ្រាន់ទេ បើតាមការបញ្ជាក់របស់លោកសុរិយ លោកបានឆ្លងកាត់ការហ្វឹកហាត់ជំនាញសរសេរជាច្រើនដំណាក់កាល មានទាំងការចេញពីស្រុកកំណើតផ្សងព្រេងរករៀនជំនាញតែឯងនៅសមាគមអ្នកនិពន្ធខ្មែរនារាជធានីភ្នំពេញ និងការរៀនជំនាញសរសេរអត្ថបទផ្សាយពាណិជ្ជកម្ម អត្ថបទល្ខោនវិទ្យុ អត្ថបទព័ត៌មាន ព្រមគ្នានឹងការអនុវត្តន៍ការងារជាក់ស្តែងជាអ្នករៀបចំកម្មវិធីផ្សាយរបស់វិទ្យុជាដើម។ ប្រមាណ៣ឆ្នាំហ្វឹកហាត់ការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងការចំណាយពេលចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកសរសេរជាច្រើន បានក្លាយជាកិច្ចការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កូនកសិករដូចរូប​លោក អាចដាក់ពាក្យរកបានការងារដំបូងធ្វើជាអ្នកសរសេរអត្ថបទវីដេអូឯកសារនៅផលិតកម្ម អប្សរា​ មេរ៉ា ប្រដាកសិន ហើយបន្តប្រឡូកក្នុងកិច្ចការជាអ្នកសរសេរអត្ថបទភាពយន្តនៅតាមបណ្តាស្ថាប័នក្នុងស្រុកមួយចំនួនទៀតជាហូរហែ។ តម្រូវការនៃសេរីភាពក្នុងការសរសេរអត្ថបទរឿងប្រកបដោយគុណភាព បង្កប់សារអប់រំ បង្ហាញអំពីអត្តសញ្ញាណជាតិ ដោយឆ្លុះបញ្ជាំងតាមរយៈបែបផែននៃការរស់នៅដ៏ល្អផូរផង់របស់ពលរដ្ឋខ្មែរ រៀបរាប់អំពីរបៀបនៃពិធីបុណ្យខុសប្លែកគ្នាតាមតំបន់នានាក្នុងប្រទេសកម្ពុជាបានក្លាយជាសម្ពាធផ្លូវចិត្តកាន់តែខ្លាំង មិនអាចរស់នៅធ្វើការតម្រូវតាមគោលការណ៍របស់ផលិតកម្មមួយចំនួនបាន ចុងក្រោយភាពប្រែប្រួលផ្នែកគំនិត ក៏រុញច្រានឱ្យរូបលោកធ្វើជាអ្នកនិពន្ធឯករាជ្យ។ ជំហានដំបូងនៃការគេចពី​គំនាបផ្នែកគំនិត ត្រឹមចង់មានភាពធូរស្រាលអារម្មណ៍ តែអាចប្រឈមខ្លាំងនៃវិបត្តិផ្នែកសេដ្ឋកិច្ច តែងរុញច្រានអ្នកនិពន្ធរូបនេះ គិតច្រើនជានិច្ច តែផ្ទុយទៅវិញបញ្ហានេះបានរុញលោកដើរ​ឆ្ពោះទៅកាន់ផ្លូវថ្មីមួយទៀត។ តែកាលណាយើងមានចំណេះ មានសមត្ថភាពគ្រប់គ្រាន់ ច្បាស់លាស់ក្នុងការងារ ហើយជឿជាក់លើខ្លួនឯង ឱកាសការងារនៅតែមានជានិច្ច ដោយអង្កេតឃើញភាពស្វាហាប់ក្នុងការបំពេញការងារនាពេលកន្លងមក អ្នកគ្រប់គ្រងកម្មវិធីផលិត​ភាពយន្តខ្មែរមួយចំនួនតាមស្ថានីយ៍ទូរទស្សន៍មួយចំនួននៅតែទុកចិត្ត ប្រគល់ការងារ ទាក់ទងទិញអត្ថបទរឿងពីលោកឥតដាច់។ អត្ថបទរឿងថ្មី ប្លែក មិនចម្លងពីស្នាដៃតែងនិពន្ធរបស់បុគ្គលដ៏ទៃ រឺពីរឿងភាពយន្តរបស់បរទេស រួមចំណែកបង្ហាញអត្តសញ្ញាណជនជាតិខ្មែរតាមរយៈខ្សែភាពយន្ត គឺក្រឹតក្រមចម្បងដែលអ្នកនិពន្ធវ័យក្មេងរូបនេះ តែងប្រកាន់ខ្ជាប់ជាវិន័យក្នុងវិធីសរសេររបស់ខ្លួន។ បែបបទក្នុងការងារនេះ ក៏ជាចំណែកមួយជួយបង្កើតលក្ខណៈពិសេស ធ្វើឲ្យមនុស្សគ្រប់រូបធ្លាប់ទំនាក់ទំនងរួមសហការណ៍ការងារជាមួយលោក ងាយចាប់អារម្មណ៍សម្គាល់លោកបានរហ័ស ហើយមិនងាយបំភ្លេចអ្នកនិពន្ធជាកូនកសិករនាខេត្តតាកែវម្នាក់នេះបានថែមទៀតផង។ លោក សុរិយ បានពោលអះអាងពីការតាំងចិត្តរួមចំណែករក្សាអត្តសញ្ជាតិរបស់ខ្លួនថា «ការស្រឡាញ់ទឹកដីប្រទេសកំណើតរបស់ខ្ញុំ វាអត់អីប្លែកទេ ព្រោះគ្រួសារខ្ញុំរស់ព្រោះមុខរបរតម្បាញតដូនតារាប់ជំនាន់មកហើយ។ តែចុងក្រោយខ្ញុំក៏មិនអាចសង្គ្រោះរបរនេះបាន គ្រួសារខ្ញុំនៅតែបោះបង់ជំនាញត្បាញហូលផាមួងទៅធ្វើការរកស៊ីរបរផ្សេងរកប្រាក់ចិញ្ចឹមជីវិត។ ខ្ញុំនៅតែស្តាយ ហើយនៅគិតគ្រប់វិធីចង់អោយមុខរបរតម្បាញមានជីវិតមកវិញ ចង់ឱ្យកីតម្បាញនៅក្រោមផ្ទះមានអ្នកប្រើរក្សាថែទាំ។ ដូច្នេះពេលខ្ញុំមានឱកាសបង្ហាញពីសារសំខាន់នៃមុខរបរដូនតាខ្មែរ និងកិច្ចការល្អៗជាច្រើនដែលខ្មែរបានធ្វើ ខ្ញុំក៏មានចិត្តចង់ផ្សព្វផ្សាយឱ្យបរទេសបានស្គាល់ខ្មែរកាន់តែច្បាស់ ចង់ឱ្យគេស្រឡាញ់ ហើយស្វែងរកចង់ស្គាល់ជនជាតិខ្មែរ ចង់ឲ្យមុខរបរបែបប្រពៃណីជាច្រើនរបស់ខ្មែរនៅតែអាចរស់បន្តសកម្មភាពបានយូរអង្វែងតទៅទៀត ហើយក៏ចង់ឱ្យពលរដ្ឋខ្មែររស់នៅលើទឹកដីខ្លួនប្រកបដោយជីវភាពសម្បូរណ៍សប្បាយ»។

ចង់ស្គាល់កាន់តែច្បាស់ថា លោក ស៊ុំ សូរិយ អ្នកនិពន្ធវ័យក្មេងរូបនេះនិយាយពិត មានសមត្ថភាពមែន រឺគ្រាន់និយាយឲ្យរួចពីមាត់ លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់ស្ថាប័នឯកជន រឺ ក្រុមហ៊ុននានាអាចទាក់ទងលោកបានតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោកគឺ Sum Soriyak Cambodia។